ការរៀបចំខ្លួន និងអ្វីដែលគួរធ្វើដើម្បីជោគជ័យក្នុងការសម្ភាសន៍ (Interview) អាហារូបករណ៍

November 25, 2020
Visitor/s 4.7K
background image

មិនដឹងថាមានមនុស្សប៉ុន្មានអ្នក ដូចខ្ញុំ។ ការសរសេរមិនសូវជាបញ្ហា ប៉ុន្តែពេលដែលជួបមុខគេផ្ទាល់ដើម្បីប្រាប់គេអំពីខ្លួនយើងគឺពិតជារឿងលំបាកខ្លាំង។ ការដាក់អាហារូបករណ៍ជាទូទៅ គឺមានតែ ២ ដំណាក់កាលប៉ុណ្ណោះ គឺសំណេរ និងការសម្ភាសន៍ផ្ទាល់មាត់ ហើយការសម្ភាសន៍នេះហើយដែលជាដំណាក់កាលស្លាប់រស់។

ដូច្នេះអ្នកគួរតែរៀបចំខ្លួន និងត្រៀមខ្លួនអោយបានសប់គ្រប់ដើម្បីអោយច្បាស់ថា អ្នកនឹងទទួលជោគជ័យក្នុងការសម្ភាសន៍។ ដើម្បីអោយងាយស្រួលយល់ចំពោះការត្រៀមខ្លួននេះ ខ្ញុំនឹងបែងចែកវាជាផ្នែកធំៗ ដែលមានដូចជា៖ ការរៀបចំផ្លូវចិត្ត ការត្រៀមខ្លួនសម្រាប់សំណួរ ការរៀបចំសំបកក្រៅ និងអ្វីដែលគួរធ្វើថ្ងៃសម្ភាសន៍។

ការរៀបចំផ្លូវចិត្ត

ការជាប់ដល់វគ្គសម្ភាសន៍ គឺជាងរឿងមួយដ៏ល្អ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាតក់ស្លុតទៅវិញ។ ឃ្លាដែលកាលពីមុនខ្ញុំតែងនិយាយមកខ្លួនឯង និងទៅមិត្តភក្តិជិតស្និទ្ធពេលដែលជាប់បញ្ជីសម្រាំង (Shortlist) ដល់វគ្គសម្ភាសន៍ម្តងៗ គឺ បើសិនជាមិនជាប់ Shortlist ប្រហែលជាមិនពិបាកចិត្តទេមើលទៅ។ ខ្ញុំគិតថាប្រហែលមានមនុស្សច្រើនដូចជាខ្ញុំដែរ។

ចំណុចខាងក្រោមនេះដែលអ្នកអាចយកមកដើម្បីសម្រួលផ្លូវចិត្តពេលជាប់ដល់វគ្គសម្ភាសន៍ដើម្បី បន្ធូរអារម្មណ៍តានតឹង៖

  • អបអរសាទរ និងផ្តល់រង្វាន់ដល់ខ្លួនអ្នក៖ ត្រូវដឹងថាការជាប់ដល់វគ្គសម្ភាសន៍ គឺជាការជោគជ័យមួយផ្នែកចំពោះការខិតខំរបស់អ្នក ដូច្នេះគួរតែផ្តល់រង្វាន់ដល់ខ្លួនអ្នកជាការលើកទឺកចិត្ត។
  • ជិះជុំវិញកន្លែងដែលនឹងត្រូវសម្ភាសន៍អោយច្រើនដង៖ ធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថាសុាំនឹងកន្លែងសម្ភាសន៍ ដូច្នេះអ្នកនឹងមិនសូវភ័យពេលដែលដល់ថ្ងៃសម្ភាសន៍ ក៏ដូចជាមុនពេលសម្ភាសន៍។

ការត្រៀមខ្លួនសម្រាប់សំណួរ

ចំនុចច្រើនណាស់ដែលអ្នកត្រូវត្រៀមនៅផ្នែកនេះ។ សំណួរនៅក្នុងកម្មវិធីអាហារូបករណ៍និមួយៗសុទ្ធសឹងតែនឹកស្មានមិនដល់ ដូច្នេះការត្រៀមខ្លួនជាមុនជារឿងដែលមិនអាចខ្វះបាន។ ការត្រៀមនេះគឺបែងចែកជា ២យ៉ាងដែលអ្នកត្រូវអនុវត្ត គឺ ទី១ ការពិនិត្យឡើងវិញ និងការស្វែងយល់បន្ថែម ទី២ ការត្រៀមចំលើយ។

ការពិនិត្យឡើងវិញ និងការស្វែងយល់បន្ថែម

  • ពិនិត្យឡើងវិញ និងអាន សំណេរនិងពត៌មានដែលអ្នកបានបំពេញអោយបានច្រើនដង៖ ព្រោះថាអ្វីដែលគេជាទូទៅដឹងអំពីអ្នកគឺតាមរយៈសំណេរនិងពត៌មានដែលអ្នកបានបំពេញ។ ការពិនិត្យឡើងវិញគឺជៀសវាង អ្វីដែលសរសេរ និងការបកស្រាយពេលសម្ភាសន៍ខុសគ្នា។
  • អានពត៌មានអំពីកម្មវិធី និងស្ថាប័នដែលជាម្ចាស់ជំនួយ៖ ពេលខ្លះគេចង់សាកចិត្តយើងថាតើយើងខ្វាយខ្វល់អំពីអាហារូបករណ៍នេះដល់កម្រិតណា ដូច្នេះគេអាចសួរសំណួរដែលទាក់ទងនឹងស្ថាប័នរបស់គេផងដែរ។
  • ស្រាវជ្រាវបន្ថែមចំពោះមុខវិជ្ជាដែលអ្នកនឹងសិក្សា៖ អ្នកត្រូវបង្ហាញថាតើមុខវិជ្ជានោះសំខាន់ចំពោះអ្នកកម្រិត ប្រសិនបើពត៌មាននិងបញ្ហាដែលទាក់ទងនឹងមុខវិជ្ចានោះក៏អ្នកមិនដឹង នោះគេប្រហែលជានឹងមិនជឿនោះទេ។

ការត្រៀមចំលើយ

  • រៀបចំសំនួរដែលគិតថាគេនឹងសួរ ឬសំនួរដែលគេឧស្សាហ៍សួរ (សប្តាហ៍ក្រោយខ្ញុំនឹងសរសេរសំណួរដែលគេឧស្សាហ៍សួរក្នុងពេលសម្ភាសន៍ និងអ្វីដែលអ្នកគួរឆ្លើយ)
  • រៀនឆ្លើយ និងពិនិត្យមើលថាតើចំលើយទាំងនោះសាកសមដែរឬទេ?

ការរៀបចំសំបកក្រៅ

ទោះបីជាវាប្រហែលជាស្រួលខ្លួនជាង ពេលដែលពាក់អាវយឺត និងស្លៀកខោខូវប៊យ ប៉ុន្តែពេលនេះមិនមែនជាពេលសាកសមឡើយសម្រាប់ស្លៀកពាក់បែបនោះ។ អ្នកត្រូវស្លៀកពាក់យ៉ាងណាដើម្បីអោយ គណកម្មការយល់ថាអ្នកយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់កម្មវិធីមួយនេះ។ ដូច្នេះការស្លៀកពាក់គឺពិតជាសំខាន់។ ជាទូទៅអ្នកគួរស្វែងយល់ និងប៉ាន់ស្មានអំពីកម្មវិធីសិន មុនពេលដែលជ្រើសរើសសម្លៀកបំពាក់។ ក្នុងករណីដែលថា កម្មវិធីនោះគឺជាកម្មវិធីអាហារូបករណ៍រយៈពេលខ្លី ឬអាហារូបករណ៍កម្រិតបរិញ្ញាបត្រ ឯកសណ្ឋាននិស្សិត ឬសិស្សគឺសាកសមបំផុត។ អ្នកអាចស្លៀកសំពុត (សម្រាប់នារី) ឬខោក្រណាត់ (សម្រាប់បុរស) ជាមួយនឹងអាវស ឬអាវពណ៌ផ្ទៃមេឃ និងដាក់អាវចូលទៅក្នងសំពុត ឬខោអោយបានសមរម្យ។ នៅក្នុងករណីដែលវាអាចជាកម្មវិធីធំដុំ អ្នកក៏អាចពាក់អាវធំបានដែរ ប៉ុន្តែត្រូវចាំថា ការពាក់អាវធំពេលខ្លះអាចធ្វើអោយទើសទាល់ក្នុងករណីដែលអ្នកសម្ភាសន៍យើងគេស្លៀកពាក់ខោអាវធម្មតា។

កុំភ្លេចអោយសោះ គឺហាមមានក្លិនមិនល្អ! គួរទំពារស្ករកៅស៊ូអោយហើយមុនពេលដែល ចូលសម្ភាសន៍។ គួរជៀសវាងសម្លៀកបំពាក់មានក្លិនមិនល្អ និងក្លិនខ្លួនផងដែរ។ គួរពាក់ស្បែកជើងសមរម្យជៀសវាងស្បែកជើងកីឡា ជាពិសេសកុំពាក់ស្រោមជើង ឬស្បែកជើងដែលមានក្លិនទៅអោយសោះ។ សក់គួរសិត និងកាត់អោយបានសមរម្យផងដែរ។

អ្វីដែលគួរធ្វើថ្ងៃសម្ភាសន៍

អ្វីដែលអ្នកត្រូវធ្វើថ្ងៃសម្ភាសន៍មានច្រើនណាស់។ រាប់តាំងពីអាកប្បកិរិយានិងការនិយាយស្តី ការឆ្លើយសំណួរជាដើម។ នេះជាចំណុចដែលអ្នកត្រូវចង់ចាំ៖

  • ត្រូវទៅដល់កន្លែងសម្ភាសន៍យ៉ាងហោចណាស់១៥នាទីមុនពេលសម្ភាសន៍ចាប់ផ្តើម៖ ដើម្បីសម្រួលអារម្មណ៍ និងបន្ថយភាពតានតឹង។
  • ញញឹម៖ ការញញឹមធ្វើអោយអ្នកមិនសូវភ័យ និងបង្ហាញពីភាពជឿជាក់រួមនឹងភាពរួសរាយរាក់ទាក់។
  • ស្មោះត្រង់៖ ភាពស្មោះត្រង់គឺសំខាន់ណាស់ពេលសម្ភាសន៍ ព្រោះបើគេដឹងថាអ្នកកុហក អ្នកនឹងធ្លាក់ដោយស័្វយប្រវត្តិ។
  • ជួបគេភ្លាមត្រូវសម្តែងភាពរួសរាយរាក់ទាក់ដូចជាការចាប់ដៃ៖ ការចាប់ដៃបង្ហាញពីមិត្តភាព និងភាពស្និទស្នាល។
  • គ្រប់គ្រងអារម្មណ៍តក់ស្លុត៖ ដកដង្ហើមវែងៗហើយ រៀបចំកាយវិការដែលសមរម្យហើយធ្វើអោយអ្នកមានអារម្មណ៍ស្រួលខ្លួនដើម្បីជៀសវាងការភ័យខ្លាច។ បើភ័យពេលដែលមើលភ្នែកគេ គួរមើលថ្ងាស។
  • ស្តាប់សំណួរអោយបានច្បាស់លាស់ និងចប់សិនមុនឆ្លើយ៖ ហាមដាច់ខាតគឺការកាត់សំណួរទាំងគេមិនទាន់បញ្ចប់ ព្រោះវានឹងបង្ហាញថាអ្នកមិនគោរព។
  • ឆ្លើយសំណួរដោយមានឃ្លាឃ្លោងច្បាស់លាស់៖ មុនពេលឆ្លើយត្រូវគិតគូរអោយច្បាស់លាស់ អ្នកមិនចាំបាច់ត្រូវប្រញាប់ឆ្លើយនោះទេ។ អ្នកអាចសុំពេលគេមួយភ្លែតដើម្បីគិត។ ការឆ្លើយគួរមានលំដាប់លំដោយច្បាស់លាស់ដែលគេងាយយល់ ងាយចាប់បាន។ ពេលដែលនិយាយចប់ហើយ គឺបញ្ចប់ចំលើយ កុំព្យាយាមឆ្លើយអោយវែងប៉ុន្តែដដែលៗ។
  • សួរសំណួរក្រោយចប់ការសម្ភាសន៍៖ ការសួរសំណួរគឺបង្ហាញអំពីការយកចិត្តទុកដាក់របស់យើង ប៉ុន្តែជៀសវាងការសួរសំណួរធម្មតាពេកដូចជា “តើពេលណាទើបចេញលទ្ធផល? “ តែគួរសួរសំណួរណាដែលសុីជម្រៅ។

 

article_10_5708e41d5d.png

Disclaimer: WEduShare does not own the content. Our purpose is purely to help spread information. Although every effort is made to keep the information true, accurate, complete, and appropriate, we make no representations nor warranties.

WEduShare Branding Logo

WEduShare Co., Ltd.

Since May 2016, our community has increased day by day. Currently, our community has more than 233,000 Facebook fans, more than 10,000 subscribers to our weekly e-newsletter and more than 3 million visitors on our website. We have partnerships with more than 800 organizations both local and international, and we continue to grow.

Get in Touch

Street Diamond Island, 38th Floor, GIA Tower, Sopheak Mongkol Rd, 120101
Mon - Fri: 9:00 AM - 5:00 PM
info@wedushare.com

All rights reserved by ©WEduShare 2024