មុខវិទ្យាផ្នែកវិទ្យាសាស្រ្តសង្គម ទទួលបានប្រជាប្រិយភាព និងទាក់ទាញសិស្សបញ្ចប់បាក់ឌុបជាច្រើន មកសិក្សាផងដែរ។ ដូចនេះ ខ្ញុំលើកយកមុខជំនាញមួយទៀត ដែលស្ថិតក្នុងការសិក្សាវិទ្យាសាស្រ្តសង្គមមួយដែរ មកស្រាយឲ្យច្បាស់ នោះគឺជំនាញវិទ្យាសាស្រ្តនយោបាយ។ អ្នករៀន ទំនាក់ទំនងអន្ដរជាតិ (International Relations) រៀនច្បាប់អីហ្នឹង តិចអត់ដឹងថាខ្លួនឯងកំពុងស្ថិតក្នុងជំនាញវិទ្យាសាស្ត្រនយោបាយដែលនុះ! ទៅអានទៅដឹងហើយ!
១. តើជំនាញ «វិទ្យាសាស្រ្តនយោបាយ» ជាអ្វី?
វិទ្យាសាស្រ្តនយោបាយ និយាយពីបញ្ហាជាមូលដ្ឋាន ដែលប្រឈមនឹងសង្គមមនុស្ស។ បញ្ហាជាច្រើនទាក់ទងនឹងសន្តិភាពពិភពលោក គោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីសម្រេចបាននូវស្ថិរភាព និងកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងបរិស្ថាន ការគ្រប់គ្រងលើការប្រកួតប្រជែងនយោបាយ លទ្ធភាពនៃការប្រើប្រាស់ច្បាប់។ គោលបំណងទូទៅរបស់អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ គឺដើម្បីដោះស្រាយបញ្ហាទាំងនេះ និងបញ្ហាដទៃទៀតក្នុងពេលតែមួយឲ្យមានប្រសិទ្ធិភាព។
២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ?
ជាទូទៅ មុខជំនាញមួយនេះ សិក្សាពីរូបភាពរួមនៃនយោបាយ និងការដោះស្រាយបញ្ហាប្រឈម ទាំងក្នុង និងទំនាក់ទំនងក្រៅប្រទេស។ មុខជំនាញនេះ មានលក្ខណៈធំទូលាយ ដែលក្នុងនោះវាបែកចេញជាជំនាញផ្សេងទៀត ដូចជាជំនាញទំនាក់ទំនងអន្តរជាតិ ជំនាញសិទ្ធិមនុស្ស ជំនាញច្បាប់អន្តរជាតិ ជំនាញនយោបាយការបរទេស និងជំនាញផ្សេងៗជាច្រើនទៀត ដែលជាបំបែកចេញពីមុខជំនាញវិទ្យាសាស្រ្តនយោបាយជារូបភាពធំមួយនេះ។
ក្នុងរយៈពេលសិក្សា និសិ្សតនឹងរៀននូវមុខវិទ្យាមួយចំនួន ដូចជាសិទ្ធិមនុស្សនិងយុត្តិធម៌សកល សង្គមវិទ្យា ចិត្តវិទ្យា ទស្សនៈវិទ្យា សកលភាវូបនីយកម្មនិងកិច្ចការអន្តរជាតិ សារៈសំខាន់នៃការនិយាយជាសាធារណៈ ច្បាប់អន្តរជាតិ ច្បាប់ស៊ីវិល នយោបាយការបរទេស ក្រមសីលធម៌និងគុណតម្លៃក្នុងការបង្កើតគោលនយោបាយ ភូមិសាស្ត្រនយោបាយ ស្ថាប័នអន្តរជាតិនិងអភិបាលកិច្ចពិភពលោក ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ និងមុខវិជ្ជាជាច្រើនផ្សេងទៀត អាស្រ័យទៅតាមការកំណត់របស់សាលានីមួយៗ ដែលអ្នកនឹងស្គាល់ នៅពេលអ្នកចូលរៀនជំនាញមួយនេះ។
៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ?
ក្រោយបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ និសិ្សតនឹងទទួលបានចំណេះដឹងផ្នែកផ្សេងៗដូចជា៖
- បម្រែបម្រួលនយោបាយក្នុងសង្គមជាតិ និងអន្តរជាតិ
- ព្រឹត្តិការណ៍កើតឡើងក្នុងពិភពលោក និងច្បាប់
- សម័យកាលនៃការដឹកនាំរបស់ប្រទេស និងបរទេស
- ដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងនយោបាយក្នុង និងក្រៅប្រទេស
- សិក្សាពីគំរូរបៀប និងការគ្រប់គ្រងរបស់មេដឹកនាំល្បីៗ ក្នុងប្រវត្តិសាស្ត្រ។
- និសិ្សតបញ្ចក់ការសិក្សាអាចស្វែងរក និងបម្រើការងារនៅតាមក្រសួង ឬស្ថាប័នរដ្ឋផ្សេងៗដែលពាក់ព័ន្ធនឹងមុខជំនាញមួយនេះ។
៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា?
គ្រឹះស្ថានអប់រំ និងមហាវិទ្យាល័យភាគច្រើន មិនសូវមានមុខជំនាញវិទ្យាសាស្រ្តនយោបាយចំៗតែម្តងទេ ព្រោះវាបានបែងចែកជាមុខជំនាញតូចៗ ដូចជាទំនាក់ទំនងអន្តរជាតិ ច្បាប់ រដ្ឋបាលសាធារណៈជាដើម ដែលជាផ្នែកមួយរបស់ជំនាញនេះទៅវិញ ប៉ុន្តែក៏មានគ្រឹះស្ថានមួយចំនួនមានមុខជំនាញវិទ្យាសាស្ត្រនយោបាយនេះចំតែម្តងផងដែរ ដូចជា៖
- សាកលវិទ្យាល័យកម្ពុជា (UC)
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)
- សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC)
- សាកលវិទ្យាល័យអាស៊ី អ៉ឺរ៉ុប (AEU)
Further Assistance
មកណាត់ជួបជាមួយអ្នកប្រឹក្សារបស់ WEduAbroad ឥឡូវនេះដើម្បីស្វែងយល់បន្ថែម តាមរយ:តំណភ្ជាប់: https://forms.office.com/r/jMiXnNavhc
You can contact to WEduAbroad Team for further support and assistance at +855 23 902 903 |+855 17 54 83 54 | +855 81 63 63 60






